ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

សម្តេចប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់បងប្អូនជនរួមជាតិទៅទទួលវ៉ាក់សាំងដូសជំរុញ ព្រោះថាការវ៉ាក់សាំងត្រឹមដូសមូលដ្ឋានមិនគ្រប់គ្រាន់ទេ

ដោយ :ksn-tvonline.com

  

ព្រះសីហនុ : ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវជាថ្មីដល់បងប្អូនជនរួមជាតិទាំងអស់ សូមទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ព្រោះថាការវ៉ាក់សាំងត្រឹមដូសមូលដ្ឋាន ឬ២ដូស មិនគ្រប់គ្រាន់ទេ ដោយប្រសិទ្ធភាពនៃវ៉ាក់សាំងនឹងធ្លាក់ចុះក្នុងពេលវេលាជាក់លាក់ណាមួយ (ពី៦ខែ ទៅ៨ខែ)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបដិមាភិសេករូបបដិមា “ព្រះថោង នាងនាគ” នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ដោយសម្តេចបានគូសបញ្ជាក់ថា ៖ “ការចាក់វ៉ាក់សាំងត្រឹម២ម្ជុល គឺមិនគ្រប់គ្រាន់នោះទេ ដូច្នេះសូមបងប្អូនជនរួមជាតិ អញ្ជើញទៅទទួលវ៉ាក់សាំងដូសជំរុញ អ្នកចាក់បាន២ដូស សូមចាក់ដូសទី៣ នៅពេលមានគម្លាតបានគ្រប់៤ខែ និងអ្នកចាក់បាន៣ដូស សូមចាក់ដូសទី៤ នៅពេលមានគម្លាតបានគ្រប់៤ខែដូចគ្នា នៅតាមទីតាំងដែលបានរៀបចំជូនមានស្ទើរគ្រប់ទីកន្លែង មិនថាវត្តអារាម ទីកន្លែងកម្សាន្តនានា ។ល។ ហើយថ្ងៃចុងក្រោយនេះ គឺជាថ្ងៃល្អដែលគួរតែមកទទួលវ៉ាក់សាំងដូសជំរុញ ហើយខ្ញុំសង្ឃឹមថាថ្ងៃនេះ នឹងមានអ្នកមកទទួលវ៉ាក់សាំងច្រើន”។

ដោយឡែកសម្តេចតេជោ ក៏ជំរុញដល់ គ.វ.ក១៩ ត្រូវបង្កើនការងារចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត ព្រោះថាគិតរហូតមកទល់ថ្ងៃនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨លាននាក់ប៉ុណ្ណោះ បានចាក់ដូសជំរុញទី៣ ខណៈពេលដែលដូសជំរុញទី៤ បានត្រឹមជាង១លានប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋ ១៦លាននាក់នៅទូទាំងប្រទេស។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា អ្វីដែលជាក្តីបារម្ភនោះគឺបន្ទាប់ពីចូលឆ្នាំខ្មែរនេះហើយ តើនឹងមានការឆ្លងរាលដាលច្រើន ឬមិនមានច្រើន ប៉ុន្តែយើងត្រូវរង់ចាំប្រហែលមួយសប្តាហ៍ទៀតទើបដឹងលទ្ធផលនេះ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ សម្តេចនៅតែណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវអនុវត្តវិធានការច្បាប់នានាពាក់ព័ន្ធនឹងកូវីដ-១៩ នៅក្នុងអំឡុងពេលនេះនោះទេ ហើយសម្តេចសូមឱ្យបងប្អូនរីករាយសប្បាយនឹងពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃចុងក្រោយនេះ ប៉ុន្តែត្រូវបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ជាបន្តទៀត។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថាបងប្អូនជនរួមជាតិនឹងចូលរួមទទួលយកសំណើនៃការទទួលយកវ៉ាក់សាំងដូសជំរុញនេះ និងអនុវត្តវិធានការការពារនានា នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដើម្បីធានាថាសហគមន៍របស់យើងមានភាពស៊ាំខ្លាំងទៅនឹងវីរុសកូវីដ-១៩៕ ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ dara

No comments