ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

អាជ្ញាធរខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ៣ខ្សែ នៅក្រុងតាខ្មៅ

ដោយ :ksn-tvonline.com



 កណ្តាល :ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅថ្ងៃ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងតាខ្មៅ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេ ៣ខ្សែ ប្រវែង ៣៧០ម៉ែត្រ ទទឹង៣ម៉ែត្រ និង៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដាក់លូមុខកាត់ ០,៦ម៉ែត្រ ប្រវែង ៣៦២ម៉ែត្រ និងទរបង្ហូរទឹក ១កន្លែង នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរក្រុងតាខ្មៅ និងប្រជាពលរដ្ឋជាង ៣០០នាក់។

ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវបេតុងអាមេ លូ និង ទរបង្ហូរទឹក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺទទួលបានឥណទានថវិការបស់រដ្ឋបាលខេត្តកណ្ដាល ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់សង្កាត់តាក្តុល ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមបោះឆ្នោតជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ពិធីសម្ពោធផ្លូវបេតុង លូ និងទរបង្ហូរទឹកនាពេលនេះ គឺមានសារៈសំខាន់ណាស់ និងជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន បម្រើដល់ផលប្រយោជន៍សាធារណៈ ហើយចាប់ពីពេលនេះទៅ បងប្អូនប្រជាពលរដ្ឋនឹងលែងជួបការលំបាកក្នុងការធ្វើដំណើរទៀតហើយ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការបើការសម្ពោធផ្លូវនេះជាសក្ខីភាពស្រាប់ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

No comments