ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

មន្ទីរកសិកម្មខេត្ត និង អង្គការ ARD រៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោង ពិពិធកម្មកសិកម្មកម្ពុជា

ដោយ :ksn-tvonline.com

 


កណ្ដាល: ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល សហការជាមួយអង្គការ សកម្មភាពដើម្បីស្រាវជ្រាវ និង អភិវឌ្ឍន៍ (ARD) ដែលជាអ្នកផ្តល់សេវាបច្ចេកទេស នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅព្រឹកថ្ងៃ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា លើកទី២ ។

សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណង ជូនដល់សហគមន៍កសិកម្ម អ្នកផលិតអាជីវករខ្នាតតូច និង មធ្យម និង ស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មានឱ្យពួកគាត់បានយល់ដឹងអំពីដំណើរការជ្រើសរើសអ្នកទទួលផល លក្ខខណ្ឌចូលរួមដំណើរការ នៃការដាក់សំណើ និង ផែនការ ពិពិធកម្មកសិកម្ម ដើម្បីទទួលបានហិរញ្ញប្បទានពីគម្រោង ពិពិធកម្មកសិកម្មកម្ពុជា រួមមាន ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ។

លោក ហ៊ សុផល អនុប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ប្រសើរបំផុត សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានជួបជុំគ្នាដើម្បី ទទួលបានព័ត៌មានលម្អិតអំពីគម្រោង និងឱកាសទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងកម្ចីហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលបានចូលរួមសហការជាមួយគម្រោង។ ថវិកាទាំងនេះអាចទទួលបាន លុះត្រាតែសហគមន៍កសិកម្ម ក្រុមផលិត និងក្រុមហ៊ុនធុរកិច្ចកសិកម្មខ្នាតតូច និងមធ្យម បំពេញតាមលក្ខខណ្ឌតម្រូវនានារបស់គម្រោង និងមានសមត្ថភាពគ្រប់គ្រា ន់ដើម្បីរៀបចំសំណើពិពិធកម្មកសិកម្ម និងសំណើធុរកិច្ចកសិកម្ម ។ ជាពិសេសទាំងក្រុមហ៊ុន និងសហគមន៍ទាំងអស់ ត្រូវតែមានការចុះបញ្ជីស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ សហគមន៍កសិកម្ម និងក្រុមហ៊ុនណាដែលបានចុះបញ្ជីជាផ្លូវការ សូមសហការរួមគ្នាចងក្រងជាបណ្តាញអាជីវកម្ម និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីរៀបចំសំណើពិពិធកម្ម និងសំណើធុរកិច្ចដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានការគាំទ្រហិរញ្ញវត្ថុ ជាជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ចំនួន៤០ភាគរយ នៃទុនវិនិយោគសរុប និងមានលទ្ធភាពទទួលបានការគាំទ្រឥណទាន(កម្ចី)បន្ថែមចំនួនរហូតដល់ ៦០ភាគរយ ពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលសហការជាមួយគម្រោងនេះផងដែរ។

ក្នុងសិក្ខាសាលានាដែរ លោក កើត កិត្តិនាថ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាប្រភេទគម្រោងថ្មីមួយ និងមានលក្ខណៈប្លែកពីគម្រោងផ្សេងៗ របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាឱកាសមួយថ្មី សម្រាប់សហគមន៍កសិកម្ម ក្រុមផលិត និងក្រុមហ៊ុនធុរកិច្ចកសិកម្ម ដែលមានបំណងចង់ពង្រីក និងកែលម្អអាជីវកម្ម ឬមុខរបរដែលមានស្រាប់ ឬបង្កើតមុខរបរថ្មី ដែលមានសក្តានុពលទីផ្សារក្នុងស្រុក និងការនាំចេញ។ គម្រោង ពិពិធកសិកម្មនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានថវិកាសរុប ១០១,១៧លានដុល្លារអាម៉េ រិក ដែលក្នុងនោះពីធនាគារពិភពលោកចំនួន ៩១,៦៧ លានដុល្លារអាម៉េរិក និង ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍សកម្មភាពក្នុងខេត្ត-ក្រុងគោលដៅចំនួន១៣ រួមមាន៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង រាជធានីភ្នំពេញ។

គួររម្លឹកដែរថា បន្ទាប់ពីការផ្សព្វផ្សាយគម្រោងកាលពីឆ្នាំ២០២០កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានសំណើ ពិពិធកម្មកសិកម្ម ចំនួនជាង៥០សំណើ ជាលទ្ធផល ផែនការពិពិធកម្មកសិកម្មចំនួន ០៧ ត្រូវបានគណៈកម្មការវាយតម្លៃ និងគណៈកម្មការពិគ្រោះ និងអនុម័ត បានសម្រេចអនុម័តជាផ្លូវការ ដើម្បីឱ្យទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមលើទុនវិនិយោគ ចំនួន៤០ភាគរយ នៃថវិកាស្នើសុំសរុបរបស់ផែនការពិពិធកម្មរបស់សហគមន៍ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ dara


No comments