ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩

ដោយ :ksn-tvonline.com

 ភ្នំពេញ: ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ ដែលប្រទេសព្រុយណេដារ៉ូសាឡាមធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩នេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន និងសមិទ្ធិផល នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-សហរដ្ឋអាមេរិក ជាពិសេសលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ទីមួយ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលអាម៉េរិកបានផ្តល់ការគាំទ្រជាច្រើន ទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន។ លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាមេរិក ដល់ការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនពាណិជ្ជកម្ម និងវិនិយោគផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) បានប្រកាសថា នឹងផ្តល់ថវិកាបន្ថែម ២០០លានដុល្លារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានជាបន្តទៀត ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។ ឯកឧត្ដមប្រធានាធិបតីអាម៉េរិក សង្ឃឹមថាអាស៊ាននឹងចូលរួមចំណែកជាមួយនឹងសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក៏បានលើកឡើង ថាអ្វីដែលអាមេរិកមានជាមួយអាស៊ាន គឺទំនាក់ទំនងមួយដែលរឹងមាំ ហើយជាពិសេសទៀត គឺសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តការគាំទ្រដល់អាស៊ាន និងបន្តកិច្ចសហការលើវិស័យជាច្រើន ក្នុងនោះកន្លងមកអាមេរិកបានផ្តល់នូវជំនួយ ជាង៤០លានដូស នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់តំបន់អាស៊ាន ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺបានផ្តល់នូវជំនួយជាង២០០លានដុល្លារ ដែលជាជំនួយពាក់ព័ន្ធនឹងការងារសង្គ្រោះបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩។ មួយវិញទៀត ប្រធានាធិបតីអាមេរិកបានប្រកាសថា ជាគោលដៅអាម៉េរិកនឹងចូលរួមចំណែក នូវវ៉ាក់សាំងចំនួន ១ ០០០លានដូស នៅពេលខាងមុខនេះ ហើយកាលពីខែសីហាកន្លងទៅ អាម៉េរិកបានប្រកាសបើកការិយាល័យ នៃមជ្ឈមណ្ឌល CDC នៅទីក្រុងហាណូយ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងពិនិត្យជំងឺឆ្លងនេះ។

សហរដ្ឋអាមេរិក និងអាស៊ានក៏បានប្តេជ្ញាជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យឌីជីថល ក៏ដូចជាសន្តិសុខ មិនប្រពៃណី និងធ្វើយ៉ាងណាឱ្យតំបន់នេះរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ។ ហើយនៅឆ្នាំក្រោយ សហរដ្ឋអាមេរិក និងអាស៊ាននឹងប្រារព្ធខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងភាគីទាំងពីរ ក្នុងពេលនៅដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ទន្ទឹមនេះដែរ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរមតិយោបល់ជុំវិញសភាពការណ៍នៅមីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែល ឯកឧត្តមប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ ហើយមេដឹកនាំអាស៊ានទាំងអស់រួមទាំងសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ឯកឧត្ដមប្រធានាធិបតីអាមេរិក ក្នុងកិច្ចប្រជុំកំពូលនេះ៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ និស្សិតខ្មែរ


No comments